Skip to main content
    CIFRS for Practice · Season 03

    Fair value: which assets, when, and which level?

    • S03E03-P01
    • Duration 4:07
    • Khmer audio

    Explore two factory buildings with different uses, then follow practical examples of fair value measurement and where the result appears in the financial statements.

    Follow this season

    Read the Khmer transcript

    ក្រុមហ៊ុនរបស់អ្នកមានអគាររោងចក្រចំនួនពីរ។

    មួយខ្នង ប្រើប្រាស់សម្រាប់ផលិតកម្មទំនិញ។ ចំណែកមួយខ្នងទៀត ត្រូវបានជួលទៅឱ្យក្រុមហ៊ុនផ្សេង ក្រោមកិច្ចសន្យាជួលប្រតិបត្តិការ។

    នៅដំណាច់ឆ្នាំ ម្ចាស់ក្រុមហ៊ុនទទួលបានរបាយការណ៍វាយតម្លៃពីអ្នកជំនាញវាយតម្លៃអចលនទ្រព្យ។ អគារទាំងពីរខ្នង សុទ្ធតែមានតម្លៃកើនឡើងខ្ពស់ជាងតម្លៃដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យ។

    ម្ចាស់ក្រុមហ៊ុនក៏សួរមកកាន់យើងថា៖ «តើយើងអាចបញ្ចូលការឡើងថ្លៃទាំងពីរនេះ ទៅជាប្រាក់ចំណេញក្នុងឆ្នាំនេះបានទេ? »

    មុននឹងឆ្លើយ ក្នុងនាមជាគណនេយ្យករ យើងត្រូវពិនិត្យមើលសិនថា អគារនីមួយៗត្រូវបានយកទៅប្រើប្រាស់សម្រាប់គោលបំណងអ្វី។

    អគាររោងចក្រដែលប្រើប្រាស់ក្នុងផលិតកម្ម ត្រូវចាត់ថ្នាក់ជា ទ្រព្យ គ្រឿងចក្រ និងបរិក្ខារ។

    ប្រសិនបើក្រុមហ៊ុនជ្រើសរើសប្រើ គំរូថ្លៃដើម សម្រាប់អគារនេះ ការឡើងថ្លៃទីផ្សារតែមួយមុខ មិនអាចឱ្យយើងកែប្រែដំឡើងតម្លៃតាមបញ្ជី របស់វាបានឡើយ។ រីឯ គំរូវាយតម្លៃឡើងវិញ គឺជាជម្រើសមួយទៀត ប៉ុន្តែគោលនយោបាយនោះ ត្រូវតែអនុវត្តលើទ្រព្យសកម្មស្រដៀងគ្នាទាំងអស់នៅក្នុងក្រុមតែមួយ។

    ចំណែកអគារដែលដាក់ជួលវិញ ជាទូទៅត្រូវចាត់ទុកជា អចលនទ្រព្យវិនិយោគ។

    ក្រោយពេលកត់ត្រាដំបូង ក្រុមហ៊ុនត្រូវធ្វើបច្ចុប្បន្នភាពវាទៅតាម តម្លៃសមស្រប នៅរាល់កាលបរិច្ឆេទរាយការណ៍ លុះត្រាតែយើងអាចបន្តវាស់វែងតម្លៃនោះបានយ៉ាងគួរឱ្យទុកចិត្ត ដោយមិនបាច់ចំណាយថ្លៃដើម ឬការខិតខំប្រឹងប្រែងហួសហេតុ។ បើមិនដូច្នោះទេ គំរូថ្លៃដើមនឹងត្រូវយកមកអនុវត្ត។

    ការបែងចែកដូចគ្នានេះ ក៏ត្រូវយកមកអនុវត្តចំពោះដីធ្លីផងដែរ។ ដីដែលគ្រោងទុកសម្រាប់សាងសង់រោងចក្ររបស់ក្រុមហ៊ុននាពេលអនាគត ជាទូទៅចាត់ទុកជា PPE។ ចំណែកដីដែលកាន់កាប់ទុកសម្រាប់ជួល ឬរង់ចាំការឡើងថ្លៃរយៈពេលវែង ជាទូទៅជាអចលនទ្រព្យវិនិយោគ។

    យើងនឹងពិភាក្សាលម្អិតបន្ថែមលើការបែងចែកនេះ នៅក្នុងវីដេអូភាគស្តីពីអចលនទ្រព្យវិនិយោគរបស់យើង។

    ឥឡូវនេះ ចូរយើងក្រឡេកមកមើលរបាយការណ៍វាយតម្លៃឱ្យកាន់តែច្បាស់។

    តម្លៃសមស្រប សំដៅលើតម្លៃដែលអចលនទ្រព្យអាចលក់បានក្នុងប្រតិបត្តិការទីផ្សារធម្មតា នៅកាលបរិច្ឆេទវាយតម្លៃ។

    ចុះតើតម្លៃសមស្របនេះ មានប៉ុន្មានកម្រិត?

    គឺមានបីកម្រិត។ កម្រិតទាំងនេះបង្ហាញពីប្រភេទព័ត៌មានដែលគេយកមកប្រើប្រាស់ ដើម្បីគណនារកតម្លៃ។

    ចូរចាប់ផ្តើមពី ភាគហ៊ុនចុះបញ្ជី។

    ប្រសិនបើមាន ទីផ្សារសកម្ម ដែលក្រុមហ៊ុនអាចចូលទៅជួញដូរបាន ហើយតម្លៃទីផ្សារដែលបានប្រកាសសម្រាប់ភាគហ៊ុនដូចគ្នាបេះបិទនោះ ត្រូវបានយកមកប្រើដោយផ្ទាល់ដោយគ្មានការកែតម្រូវ នោះគឺជា កម្រិតទី១។ ប៉ុន្តែ មិនមែនឱ្យតែភាគហ៊ុនចុះបញ្ជី សុទ្ធតែត្រូវចាត់ចូលកម្រិតទី១ នោះឡើយ។

    ចំណែកដីធ្លី ជាទូទៅងាយស្រួលប្រៀបធៀបជាង។

    ឧបមាថាក្រុមហ៊ុនមានដីទំនេរ 500 ម៉ែត្រការ៉េ ទុកចាំឡើងថ្លៃរយៈពេលវែង។

    ថ្មីៗនេះ ដីស្រដៀងគ្នាបីកន្លែងលើផ្លូវតែមួយ លក់បានប្រហែល 400 ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

    អ្នកវាយតម្លៃយកតម្លៃនោះមកប្រើ ដោយកែតម្រូវបន្តិចបន្តួចតាមទិន្នន័យទីផ្សារ។

    500 ម៉ែត្រការ៉េ គុណនឹង 400 ដុល្លារ ស្មើនឹងតម្លៃសមស្រប 200,000 ដុល្លារ។

    ដោយបានទិន្នន័យពីការលក់ជាក់ស្តែង ការវាស់វែងនេះស្ថិតក្នុង កម្រិតទី២។

    តែបើមានតែការលក់ចាស់មួយ នៃដីដែលខុសគ្នាខ្លាំង ហើយអ្នកវាយតម្លៃត្រូវកែតម្រូវច្រើនតាមការវិនិច្ឆ័យ នោះវាអាចជា កម្រិតទី៣។

    ឥឡូវ ងាកមកមើលអគាររោងចក្រជួលវិញ។

    បើអគារនេះជាប្រភេទឯកទេសខ្ពស់ ហើយគ្មានការលក់ស្រដៀងគ្នា អ្នកវាយតម្លៃគ្មានទិន្នន័យគួរឱ្យទុកចិត្តយកមកប្រៀបធៀបឡើយ។

    ដូច្នេះ អ្នកវាយតម្លៃប្រើ វិធីសាស្ត្រផ្អែកលើចំណូល តាមចំណូលថ្លៃជួលដែលវាអាចរកបាន។

    រោងចក្ររកថ្លៃជួលសុទ្ធបាន 15,000 ដុល្លារ ក្នុងមួយឆ្នាំក្រោយដកចំណាយប្រតិបត្តិការលើអចលនទ្រព្យ រួចអ្នកវាយតម្លៃចែកនឹង អត្រាទិន្នផល 6 ភាគរយ។

    15,000 ដុល្លារ ចែកនឹង 6 ភាគរយ ស្មើនឹងតម្លៃសមស្រប 250,000 ដុល្លារ។

    ដោយគ្មានការលក់ស្រដៀងគ្នា អត្រា 6 ភាគរយនេះ មិនអាចយកពីទីផ្សារបានទេ តែជាការប៉ាន់ស្មានរបស់អ្នកវាយតម្លៃ ដែលជះឥទ្ធិពលខ្លាំងលើតម្លៃ។

    ដូច្នេះ ការវាស់វែងនេះស្ថិតក្នុង កម្រិតទី៣។

    តែការប៉ាន់ស្មាននេះ ត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយឆ្លុះបញ្ចាំងពីអ្វីដែលអ្នកទិញនិងអ្នកលក់ក្នុងទីផ្សារនឹងសន្មត។

    ចំពោះអគារគ្មានទិន្នន័យប្រៀបធៀបល្អ អ្នកវាយតម្លៃច្រើនប្រើវិធីសាស្ត្រមួយក្នុងចំណោមបី។

    ទីមួយ គឺ វិធីសាស្ត្រទិន្នផលផ្ទាល់ ដោយយកថ្លៃជួលសុទ្ធប្រចាំឆ្នាំ ចែកនឹងអត្រាទិន្នផល។

    ទីពីរ គឺ លំហូរសាច់ប្រាក់អប្បហារ។ អ្នកវាយតម្លៃព្យាករថ្លៃជួលច្រើនឆ្នាំ បូកតម្លៃចុងគ្រា រួចគិតជាតម្លៃបច្ចុប្បន្ន តាម អត្រាអប្បហារ។

    វិធីសាស្ត្រទាំងពីរនេះ សុទ្ធតែស្ថិតក្នុង វិធីសាស្ត្រផ្អែកលើចំណូល។

    ទីបី គឺ វិធីសាស្ត្រផ្អែកលើថ្លៃដើម។ អ្នកវាយតម្លៃប៉ាន់ស្មានថ្លៃសាងសង់អគារទំនើបស្រដៀងគ្នានាពេលនេះ ដកការចាស់ទ្រុឌទ្រោម និងសឹករិចរិល រួចបូកតម្លៃដី។

    គ្រប់វិធីសាស្ត្រ បើធាតុចូលសំខាន់ជាការប៉ាន់ស្មានរបស់អ្នកវាយតម្លៃជាជាងទិន្នន័យទីផ្សារ នោះតម្លៃសមស្របស្ថិតក្នុង កម្រិតទី៣។

    ពេលនេះ យើងអាចឆ្លើយតបទៅកាន់ម្ចាស់ក្រុមហ៊ុនបានហើយ។

    ចំពោះអគារជួលដែលវាស់វែងតាមតម្លៃសមស្រប ការកើនឡើងនៃតម្លៃ ត្រូវកត់ត្រាចូលក្នុង របាយការណ៍ចំណេញឬខាត ហើយអគារនេះ ត្រូវបង្ហាញក្នុងខ្ទង់អចលនទ្រព្យវិនិយោគ។

    នៅក្នុង កំណត់សម្គាល់ភ្ជាប់របាយការណ៍ហិរញ្ញវត្ថុ យើងត្រូវបញ្ជាក់ពីកម្រិតនៃការវាយតម្លៃ។ ហើយចំពោះកម្រិតទី២ និងកម្រិតទី៣ យើងក៏ត្រូវពន្យល់បន្ថែមអំពីវិធីសាស្ត្រ និងទិន្នន័យដែលបានប្រើប្រាស់ផងដែរ។

    ចំណែកអគារផលិតកម្មដែលប្រើគំរូថ្លៃដើមវិញ ទោះបីជាតម្លៃវាយតម្លៃឡើងខ្ពស់យ៉ាងណាក៏ដោយ ក៏វាមិនបង្កើតជាប្រាក់ចំណេញដោយស្វ័យប្រវត្តិនោះឡើយ។

    អគារទាំងពីរ សុទ្ធតែកើនឡើងតម្លៃទីផ្សារដូចគ្នា។ ប៉ុន្តែ គោលបំណងនៃការប្រើប្រាស់ និងគោលនយោបាយគណនេយ្យទេ ដែលជាហេតុផលធ្វើឱ្យចម្លើយចំពោះអគារទាំងពីរនេះ មានភាពខុសគ្នា។

    View the published reel on Facebook

    Cookies on this site

    Essential cookies only, unless you allow analytics or advertising.